គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ផលិតផលជលផលកម្ពុជាកំពុងស្វែងរកទីផ្សារនៅអឺរ៉ុប

កាលបរិច្ឆេទ: ២០ ឧសភា ២០២១ / កសិកម្ម

ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងសហការជាមួយរដ្ឋបាលជលផលនៃប្រទេសកម្ពុជា និងអង្គការ UNIDO (អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ) បានអញ្ជើញក្រុមហ៊ុនក្នុងស្រុកចំនួនបួន ដែលក្នុងនោះមានក្រុមហ៊ុនខនហ្វីរេលផងដែរបានចូលរួមក្នុងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មជាមួយក្រុមហ៊ុននាំចូលម្ហូបអាហារអាស៊ីដ៏ធំចំនួនពីរប្រចាំនៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោកឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេលបាននាំយកប្រហុកម្សៅ ដែលផលិតដោយខនហ្វីរេលទៅដាក់បង្ហាញ និងកំពុងដាក់ស្នើសុំកម្មសិទ្ធិបញ្ញានៅប្រទេសបារាំង។

ម្សៅប្រហុកដែលមាន ៥ រសជាតិ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យផលិតផលខ្មែរតែមួយគត់ ដែលផលិតចេញពីត្រីមួយនេះ ដណ្តើមទីផ្សារនៅអន្តរជាតិ។
សហគ្រាសនីមួយៗបានធ្វើបទបង្ហាញអំពីក្រុមហ៊ុន និងផលិតផលរបស់ខ្លួន ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មសម្រាប់នាំចេញផលិតផលជលផលទៅកាន់ទីផ្សារបារាំង ក៏ដូចជាស្វែងយល់អំពីលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ និងព័ត៌មាននៅលើស្លាកសញ្ញាផលិតផល។ ជំនួបផ្គូផ្គងនេះ បានរួមចំណែកដល់ការត្រៀមខ្លួនរួចជាស្រេចរបស់សហគ្រាសដើម្បីនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នៅពេលដែលកម្ពុជាទទួលបានសិទ្ធិនាំចេញផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប៕